លក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី

      រាជរដ្ឋាភិបាលបានដាក់ចេញច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ និងកៀរគរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធឱ្យចូលរួមក្នុងការគាំពារ និងអភិវឌ្ឍន៍ជនមានពិការភាព។ ការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាព ត្រូវមានទិន្នន័យអត្តសញ្ញាណពិការភាពមួយជាក់លាក់សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដើម្បីដាក់ចេញកិច្ចអន្តរាគមន៍នានា។

      ការកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ប្រមូលទិន្នន័យមិនត្រឹមផ្តោតលើផ្នែកសុខភាពមួយតែប៉ុណ្ណោះទេ ប៉ុន្តែក៏ពិនិត្យលើលទ្ធភាពនៃការចូលរួមសកម្មភាពក្នុងសង្គម ស្របទៅតាមតម្រូវការនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងនិន្នាការរបស់ប្រទេសនានានៅក្នុងតំបន់ និងនៅក្នុងពិភពលោក ដែលបានអនុវត្តកន្លងមក ដើម្បីប្រើប្រាស់ទិន្នន័យទាំងនោះ ក្នុងការលើកកម្ពស់ផលប្រយោជន៍របស់ជនមានពិការភាព។

 

១.ជម្រើសនៃច្បាប់

ត្រូវបានដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។

គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន មានគោលដៅកំណត់អំពីនីតិវិធី និងយន្តការគ្រប់គ្រងនៃការអនុវត្តការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។

 

២. ការយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់

មេឃុំ  ចៅសង្កាត់ទទួលខុសត្រូវក្នុងការប្រមូលទិន្នន័យអត្តសញ្ញាណពិការភាព។ មេឃុំ ចៅសង្កាត់ចាត់ឱ្យមានអ្នកទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពចំនួនយ៉ាងតិច២រូប ដែលចេះប្រើប្រាស់ទូរស័ព្ទ ដើម្បីប្រមូលទិន្នន័យអត្តសញ្ញាណពិការភាព។ រដ្ឋបាលឃុំ សង្កាត់ទទួលខុសត្រូវ ដូចខាងក្រោម៖

កសាងសមត្ថភាពដល់អ្នកទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពឃុំ សង្កាត់ និងមេភូមិ។

ផ្សព្វផ្សាយដល់ជនមានពិការភាពឱ្យចូលរួមក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព។

សម្របសម្រួល និងជំរុញមេភូមិ ក្នុងការរៀបចំទិន្នន័យពិការភាពទូទៅនៅតាមភូមិនីមួយៗ។

សម្ភាសន៍ជាមួយជនមានពិការភាព បញ្ចូល និងបញ្ជូនទិន្នន័យមកមន្ទីរស.អ.យ.។

ធ្វើបច្ចុប្បន្នភាព និងការរៀបចំអត្តសញ្ញាណកម្មពិការភាព តាមការស្នើសុំ។

ត្រួតពិនិត្យ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណកម្មពិការភាព។

សម្របសម្រួលការប្រគល់អត្តសញ្ញាណប័ណ្ណពិការភាពដល់ជនមានពិការភាព។

រាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរស.អ.យ.។

 

៣. ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការប្រើប្រាស់

      មេភូមិទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យពិការទូទៅ អនុវត្តតាមសកម្មភាពដូចខាងក្រោម ៖

ជូនដំណឹងអំពីការកំណត់អត្តសញ្ញាណកម្មពិការភាពដល់ប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាពនៅតាមភូមិ ពិនិត្យមើលទិន្នន័យពិការភាពទូទៅ ដោយពិនិត្យមើល

ជនមានពិការភាពដែលមិនទាន់មានឈ្មោះក្នុងបញ្ជី។

កុមារមានអត្តសញ្ញាណប័ណ្ណពិការភាព មានអាយុឡើងមកដល់៨ឆ្នាំ។

ជនមានពិការភាពដែលបានស្នើសុំកែសម្រួលពត៌មានផ្ទាល់ខ្លួន ស្ថានភាពបុគ្គល ប្រភេទពិការភាព បរិស្ថានរស់នៅ។

ជនមានពិការភាពដែលទទួលមរណភាព ជាសះស្បើយ ចាកចេញពីកម្មវិធី ឬការក្លែងបន្លំ។

ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យពិការភាពទូទៅដែលបានធ្វើបច្ចុប្បន្នភាពរួច ឱ្យបានច្បាស់លាស់ ករណីចាំ បាច់ ត្រូវជួបពិភាក្សាជាមួយជនមានពិការភាព ឬអាណាព្យាបាលរបស់ជនមានពិការភាពផ្ទាល់ ដើម្បីផ្តល់ព័ត៌មានបន្ថែម។

បញ្ជូនតារាងទិន្នន័យពិការទូទៅ ដែលបានធ្វើបច្ចុប្បន្នភាពរួច ទៅអ្នកទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពឃុំ សង្កាត់ តាមកាលវិភាគកំណត់។

 

៤. ការប្រាស្រ័យទាក់ទងគ្នា

បន្ទាប់ពីទទួលបានទិន្នន័យពិការទូទៅពីមេភូមិ អ្នកទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពឃុំ សង្កាត់ ត្រូវរៀបចំកាលវិភាគចុះសម្ភាសន៍ជាមួយជនមានពិការភាព ដោយសហការជាមួយមេភូមិ ៖

ផ្តល់ព័ត៌មានដល់មេភូមិអំពីកាលវិភាគចុះសម្ភាសន៍ជាមួយជនមានពិការភាពតាមភូមិនីមួយៗ ដើម្បីឱ្យមេភូមិណាត់ពេលវេលា និងទីកន្លែងជួបសម្ភាសន៍ជាមួយជនមានពិការភាព

ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យពិការភាពទូទៅ ដើម្បីកំណត់ចំនួនជនមានពិការភាព ប្រភេទពិការភាព និងរយៈពេល ចុះសម្ភាសន៍ជាមួយជនមានពិការភាពតាមភូមិនីមួយៗ

        

 

៥. គោលការណ៍នៃសិទ្ធិឯកជន

គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន មានគោលដៅកំណត់អំពីនីតិវិធី និងយន្តការគ្រប់គ្រងនៃការអនុវត្តការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។

 

៦. សមាជិកភាព

ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន មានគោលបំណង ៖

      រៀបចំទិន្នន័យអត្តសញ្ញាណពិការភាពដែលមានលក្ខណៈស្តង់ដាររួមមួយ តាមប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការ លើកកម្ពស់សេវាគាំពារ និងការអភិវឌ្ឍដល់ជនមានពិការភាព ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។

      ផ្តល់អត្តសញ្ញាណប័ណ្ណពិការភាពដល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឱ្យទទួលបានសេវានានាប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

៧. ការប្រើប្រាស់

អ្នកទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពឃុំ សង្កាត់ ដែលចុះប្រមូលទិន្នន័យ ត្រូវមានគ្នា២រូប ក្នុងនោះ ម្នាក់ជាអ្នកសម្ភាសន៍ និងម្នាក់ទៀតជាអ្នកបញ្ចូលទិន្នន័យក្នុងទូរស័ព្ទតាម(App)។ អ្នកទទួលបន្ទុកអត្តសញ្ញាណកម្មពិការភាពឃុំ សង្កាត់ ត្រូវសម្ភាសន៍ផ្ទាល់ជាមួយជនមានពិការភាព ករណីចាំបាច់ ជនមានពិការភាពត្រូវមានអាណាព្យាបាលនៅជាមួយក្នុងអំឡុងពេលសម្កាសន៍ ដើម្បីផ្តល់ព័ត៌មាន។ ការសម្ភាសន៍ត្រូវអនុវត្តតាមសកម្មភាព ដូចខាងក្រោម ៖

       អ្នកសម្ភាសន៍ត្រូវណែនាំឈ្មោះ ស្ថាប័ន និងតួនាទី បង្ហាញគោលបំណង វិធីសាស្ត្រ សម្ភាសន៍ រយៈពេលសម្ភាសន៍ និងជម្រាបអំពីការរក្សាភាពសម្ងាត់នៃព័ត៌មានដែលទទួលបាន។

ការសម្ភាសន៍ត្រូវផ្អែកតាមបញ្ជីសំណួរតាមប្រភេទពិការ និងកម្រិតអាយុ ជនមានពិការភាពម្នាក់អាចត្រូវបានសម្ភាសន៍ប្រភេទពិការភាពលើសពីមួយ អាស្រ័យលើពិការភាពរបស់ជនមានពិការភាព។ នៅពេលសម្ភាសន៍ អ្នកសម្ភាសន៍ត្រូវសួរសំណួរ ឬបញ្ជាក់សំណួរឡើងវិញ ឬផ្តល់ឱកាសឱ្យជនមានពិការភាពសួរបញ្ជាក់ ក្នុងករណីមិនទាន់យល់ច្បាស់អំពីសំណួរទាំងនោះ។ អ្នកសម្ភាសន៍ត្រូវសួរម្តងមួយសំណួរ ក្រោយពេលទទួលបានចម្លើយ ទើបបន្តសួរសំណួរមួយផ្សេងទៀត។ អ្នកសម្ភាសន៍ត្រូវប្រើប្រាស់ភាសាសាមញ្ញៗ ដើម្បីងាយស្រួលឱ្យជនមានពិការភាពអាចយល់បាន។ ក្នុងករណីសម្ភាសន៍ជាមួយជនមានពិការភាព ដែលជាជនជាតិដើមភាគតិច ត្រូវមានអ្នកបកប្រែភាសាជនជាតិដើមភាគតិច បើចាំបាច់។

       ការបញ្ចូលទិន្នន័យក្នុង(App)  អ្នកបញ្ចូលទិន្នន័យត្រូវយកចិត្តទុកដាក់ស្តាប់ការសម្ភាសន៍ និងបញ្ចូលចម្លើយត្រឹមត្រូវទៅក្នុងអែបទូរស័ព្ទទំនើបភ្លាមៗទៅតាមសំណួរសម្ភាសន៍នីមួយៗ។ ក្នុងករណី ការផ្តល់ចម្លើយមិនទាន់បានច្បាស់ ឬមិនទាន់គ្រប់គ្រាន់ អ្នកបញ្ចូលទិន្នន័យអាចសួរបញ្ជាក់ ឬស្នើសុំឱ្យផ្តល់ចម្លើយឡើងវិញភ្លាមៗ ដើម្បីទទួលបានទិន្នន័យពេញលេញ និងត្រឹមត្រូវ។ នៅចុងបញ្ចប់នៃការសម្ភាសន៍ អ្នកបញ្ចូលទិន្នន័យត្រូវថតរូបជនមានពិការភាពចំពីមុខ និងថតប័ណ្ណសមធម៌ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់ស្ថានភាពជំងឺរ៉ាំរ៉ៃ បើមាន។

       ការរក្សាទុកទិន្នន័យ ៖ នៅពេលចប់ការសម្ភាសន៍ជនមានពិការភាពម្នាក់ៗ អ្នកបញ្ចូលទិន្នន័យត្រូវពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យដែលបានបញ្ចូលទាំងអស់ឡើងវិញភ្លាមៗ ដើម្បីធានាថា ទិន្នន័យទាំងនោះមានភាពពេញលេញ និងត្រឹមត្រូវ។ បន្ទាប់មក អ្នកបញ្ចូលទិន្នន័យត្រូវបញ្ជាក់ការរក្សាទុកទិន្នន័យនៅក្នុងអែបទូរស័ព្ទ។

       ការបញ្ជូនទិន្នន័យ ៖ បន្ទាប់ពីបញ្ជាក់ការរក្សាទុកទិន្នន័យនៅក្នុងអែបទូរស័ព្ទ អ្នកបញ្ចូលទិន្នន័យត្រូវបញ្ជូនទិន្នន័យអត្តសញ្ញាណកម្មពិការភាព មកមន្ទីរ ស.អ.យ. ភ្លាមៗ។ ក្នុងករណី មិនមានសេវាអ៊ីនធឺណែត អ្នកបញ្ចូលទិន្នន័យត្រូវបញ្ជូនទិន្នន័យ ទាំងនោះ មកមន្ទីរ ស.អ.យ. នៅពេលណាមកដល់តំបន់មានសេវាអ៊ីនធឺណែត។

       ការបញ្ចប់ការសម្ភាសន៍ ៖ អ្នកសម្ភាសន៍ត្រូវថ្លែងអំណរគុណដល់ជនមានពិការភាព ឬអាណាព្យាបាលរបស់ជនមានពិការភាពដែលបានផ្តល់ព័ត៌មាន និងជម្រាបជនមានពិការភាព ឬអាណា ព្យាបាលរបស់ជនមានពិការភាព អំពីការបិទផ្សាយទិន្នន័យអត្តសញ្ញាណកម្មពិការភាពនៅសាលាឃុំ សង្កាត់ ឬទទួលព័ត៌មានពីមេភូមិ។

           

 

៨. សិទ្ធិថតចម្លង

ក្នុងកម្មវិធីនិងរាល់អ៊ីនធឺហ្វេស(Interface)ដែលបានបង្កើតឡើងសម្រាប់បង្ហាញលើឧបករណ៍ដូចជារូបភាព ក្រាហ្វិក ឡូហ្គោ រចនាបថ សញ្ញាសម្គាល់ ប៊ូតុង ចងក្រងទិន្នន័យ និងSoftware គឺជាកម្មសិទ្ធ កម្មវិធីអត្តសញ្ញាណកម្មពិការភាព ហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាការសម្ងាត់ពាណិជ្ជកម្មឬច្បាប់ឬអនុសញ្ញាស្ដីពីកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។

  ក្នុងករណី អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ រកឃើញនូវភាពពុំប្រក្រតីដែលកើតមាន ឬពាក់ព័ន្ធនឹងមាតិកាឌីជីថលដែលមានក្នុងកម្មវិធីទូរស័ព្ទដៃនេះ សូមទាក់ទងជាមកកាន់  ឬ 023 218 437/ https://www.facebook.com/mosvycambodiaofficial ។